វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ជាគ្រឹះស្ថានអប់រំថ្នាក់ឧត្តមសិក្សាសាធារណៈថ្មីមួយដែលបានចេញលិខិតជាផ្លូវការលេខ ៤៦ អ.ន.ក្រ.ប.ក ចុះថ្ងៃទី ០៧ ខែមេសាឆ្នាំ ២០១៥ ដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដើម្បីផ្តល់ជូននិស្សិតនូវការអប់រំនិងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បច្ចេកទេសជាក់លាក់ និងសីលធម៌ វិជ្ជាជីវៈ ឆ្លើយ តបទៅនឹងទីផ្សារការងារសាធារណៈ និងឯកជន ដើម្បីចូលរួមក្នុងការកសាង និងអភិវឌ្ឍប្រទេស។ ជាមួយនឹងស្ថានភាព បច្ចុប្បន្ននៃនិន្នាការដែលតម្រូវ ឱ្យកម្ពុជា រួមបញ្ចូល សេដ្ឋកិច្ចរបស់ខ្លួនចូលទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) នៅចុងឆ្នាំ ២០១៥។ ជាមួយនឹងនិន្នាការនេះ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលត្រូវតែខិតខំប្រឹងប្រែង ដើម្បីផលិតធនធានមនុស្សប្រកបដោយប្រសិទ្ធភាព និងសក្តានុពលខ្ពស់ ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារនៅក្នុងតំបន់អាស៊ាន និងការប្រកួតប្រជែង អ្នកជំនាញ បច្ចេកទេសដែលហូរចូលក្នុងតំបន់អាស៊ាន។

 វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល គឺជាវិទ្យាស្ថានឧត្តមសិក្សាដែលទទួលខុសត្រូវក្នុងការបណ្តុះបណ្តាលនិស្សិតកម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រ ជំនាញអគ្គិសនី អេឡិចត្រូនិចវិទ្យាសាស្ត្រសត្វ វិទ្យាសាស្ត្រដំណាំ ការគ្រប់គ្រងទេសចរណ៍ និងសណ្ឋាគារ វិទ្យាសាស្ត្រកុំព្យូទ័រ គ្រូបង្រៀនបំណិនជីវិត (១២+២) និងគ្រូ បង្រៀន បច្ចេកទេស (បរិញ្ញាបត្រ+ ១) និងមានវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសអនុវត្តន៍ ដែលអប់រំផ្នែកចំណេះទូទៅ (១០-១២) និងអប់រំជំនាញបច្ចេកទេស (ឆ្នាំទី១-ឆ្នាំទី៣)។

ដើម្បីពង្រឹងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ឱ្យក្លាយជាវិទ្យាស្ថានបច្ចេកវិទ្យាឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងការបណ្ដុះបណ្ដាលអ្នកបច្ចេកទេស និងជំនាញប្រកបដោយសក្តានុពលខ្ពស់ និងដើម្បីឱ្យវិទ្យាស្ថានបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយប្រសិទ្ធភាពខ្ពស់ស្របតាម គោលដៅដែលបានលើកឡើង ចចាំបាច់ណាស់ទាមទារឱ្យ វិទ្យាស្ថានមានផែនការយុទ្ធសាស្រ្តរយៈពេល ០៥ ឆ្នាំ (២០១៧-២០២២) ជាយន្តការ និង សូចនាករ ដើម្បី ពង្រឹង ត្រួតពិនិត្យ តាមដាន និងវាយតម្លៃដំណើរការរបស់វិទ្យាស្ថានដើម្បីសម្រេចបានតាមចក្ខុវិស័យ តម្លៃស្នូល បេសកកម្ម និងគោលដៅ។

  • និមិត្តសញ្ញារបស់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល

និមិត្តសញ្ញារបស់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលមានរង្វង់មូលចំនួនបីស្រទាប់ដែលជានិមិត្តសញ្ញា និងអត្តសញ្ញាណដូចខាងក្រោម:       

  • ស្រទាប់រង្វង់ខាងក្រៅដែលមានផ្ទៃខាងក្រោយពណ៌លឿងស្រាល មានសរសេរឈ្មោះវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជាភាសាខ្មែរ និងភាសាអង់គ្លេស។ មានន័យថា ជាគ្រឹះស្ថានអប់រំថ្នាក់ឧត្តមសិក្សាដែលប្រើប្រាស់ភាសាខ្មែរ និងអង់គ្លេសជាគោល។
  • ស្រទាប់រង្វង់កណ្តាលទី ២ នៃរង្វង់មានកួរស្រូវពណ៌មាសទាំងសងខាង តំណាងឱ្យការរីកចម្រើនផ្នែកកសិកម្ម។  អក្សរកាត់ វ.ប.ក.ឈស្ថិតនៅចំកណ្តាលខាងលើនៃ កួរស្រូវទាំងសងខាង អក្សរអក្សរកាត់ K.C.I.Tស្ថិតនៅចំកណ្តាលខាងក្រោមនៃកួរស្រូវទាំងសងខាងតំណាងឱ្យវិទ្យាស្ថានអប់រំដោយមានកិច្ចសហប្រតិបត្តិការភាព ជាដៃគូសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ នៅក្នុងបន្ទាត់ដែលមានគ្រឿងចក្រ តំណាងឱ្យការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងវិស្វកម្ម (អគ្គិសនី  អេឡិចត្រូនិច បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍)។ នៅក្នុងនិមិត្តសញ្ញាដែលមានសត្វគោ  ជ្រូក និងមាន់ តំណាងឱ្យការចិញ្ចឹម និងវិទ្យាសាស្ត្រសត្វ។
  • ស្រទាប់រង្វង់ខាងក្នុងពណ៌ស្វាយ ដែលជាពណ៌តំណាងឳ្យវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល។ រូបប្រាសាទអណ្តែតពណ៌មាសចម្លងពីជញ្ជាំងប្រាសាទសម្បូរព្រៃគុក ដែលជានិមិត្តសញ្ញារបស់វិទ្យាស្ថានត្រូវបានប្រើតាំងពីការចាប់ផ្តើមសាងសង់វិទ្យាល័យរហូតមកដល់បច្ចុប្បន្ន តំណាងឱ្យការអភិរក្សដើមកំណើតវិទ្យាល័យកំពង់ ឈើទាលនិងការអភិរក្សវប្បធម៌នៃប្រាសាទសម្បូរព្រៃគុក។